#ពំនោលជីវិត
=========
ធម្មជាតិនៅជុំវិញខ្ញុំចេះតែមានការប្រែប្រួលជានិច្ច ហើយមេឃក៏រលឹមស្រក់មកតក់ៗ រួមដោយខ្យល់ត្រជាក់ដែលបកមកពីចម្ងាយបានមកប៉ះស្បែកខ្ញុំ។ខ្យល់បានពីរទៅបីម៉ោងក៏បាត់ភាពត្រជាក់ទៅវិញ នៅសល់តែចំហាយក្ដៅដែលកំពុងតែសាយភាយចូលមកប៉ះជាមួយនឹងស្បែករ។
ចំណែកជីវិតនេះ ក៏មិនខុសពីអ្វីទៅនឹងធម្មជាតិនោះដែរ បន្ទាប់ពីអ្នកជួបជាមួយនឹងភាពសប្បាយរីករាយ ស្ងប់សុខ មានសុភមង្គលរួចមក ក៏អ្នកជួបនឹងរឿងស្មុគស្មាញដែលបានមករារាំងជីវិតរបស់អ្នក ម្ដងហើយម្ដងទៀតគ្រប់ពេល គ្រប់ខណៈដែលអ្នកបានជួប។
បើខ្ញុំនៅតែក្នុងបន្ទាប់សរសេរអត្ថបទពីអត្ថន័យនៃជីវិតប្រហែលជាមិនងាយចប់នោះទេ តែអ្វីដែលខ្ញុំចង់បញ្ចប់នោះគឺ បញ្ចប់ការគិតរឿងស្មុគស្មាញរបស់អ្នកឲ្យអស់ បន្តភាពរីករាយក្នុងគុណធម៌ ព្រោះថាមានតែគុណធម៌ និងការស្រឡាញ់ខ្លូនឯង រួមទាំងអ្នកដទៃតែប៉ុណ្ណោះដែលអាចធ្វើឲ្យជីវិតរបស់អ្នករីករាយ ហើយញញឹមចេញមកដោយរសជាតិនៃសុភមង្គលពិតៗ។
ជីវិតអ្នក និងជីវិតខ្ញុំ វាមិនខុសគ្នានោះទេ គ្រាន់តែការគិតរបស់អ្នកនិងខ្ញុំខុសគ្មាតែប៉ុណ្ណោះ។ ខ្ញុំជួបរឿងរ៉ាវច្រើន ហើយក៏បានដោះស្រាយ និងអនុវត្តតាមកាលៈទេសៈច្រើនណាស់មកដែរ។ អ្វីដែលខ្ញុំព្រួយបារម្ភនោះគឺ "មនុស្សដោយច្រើនតែងតែដាក់ទណ្ឌកម្មខ្លួនឯងក្នុងស្រមោលអតីតកាល" ខ្ញុំសែនបារម្ភនៅពេលដែលឃើញយុវជនកំពុងតែទុកសុភមង្គលរបស់ខ្លួនឯងទៅលើគំនិតអវិជ្ជមានច្រើនពេកនោះ។
អ្នកគួរតែគិតថា"សេរីភាពកើតចេញពីការគិតរបស់អ្នក" ដូច្នេះអ្នកមិនគួរស្មុគស្មាញជាមួយនឹងជីវិតខ្លាំងពេកនោះទេ តែអ្វីដែលត្រូវស្មុគស្មាញនោះគឺ មើលឃើញការជាប់ជំពាក់ក្នុងកាមលោកីយ៍មួយនេះ ព្រោះវាជារឿងដែលយើងគួរខ្លាច។ រស្មីបាំងដោយពពកវាជារឿងរបស់ព្រះអាទិត្យ និងពពកតែប៉ុណ្ណោះ តែរឿងសុខ និងទុក្ខវាជារឿងរបស់អ្នក។
និយាយដល់រឿងជីវិតនេះ ខ្ញុំនឹងដល់ក្មេងស្រីម្នាក់ដែលនាងតែងតែគិតរឿងរ៉ាវជាច្រើន បណ្ដាលឲ្យនាងគេងមិនលក់ បកមិនល្ហើយ មួយថ្ងៃទៅមួយថ្ងៃនាងតែងតែនៅក្បែរទូរសព្ទជានិច្ច ហើយបានផ្ញើសារមកខ្ញុំបង្ហាញតែរឿងស្មុគស្មាញមិនចេះចប់។ កាលមុនខ្ញុំធ្លាប់គិតថាខ្ញុំអាចដោះស្រាយបញ្ហាស្មុគស្មាញឲ្យអ្នកជុំវិញបានធូរស្បើយបានច្រើន តែពេលនេះខ្ញុំហាក់បីដូចជាគ្មានគុណភាពអ្វីទាល់តែសោះក្នុងការនិយាយទៅកាន់នាង បើទោះបីជាខ្ញុំព្យាយាមនិយាយប្រាប់ហេតុផលគ្រប់ពេលក៏ដោយ ក៏សម្ដីខ្ញុំមិនអាចកែចិត្តរបស់នាងមិនឲ្យគិតបាននោះទេ។
នៅពេលដែលខ្ញុំបានសម្រាកពីការដោះស្រាយបញ្ហានោះរួច ខ្ញុំបានពិចារណាថា"ជីវិតនេះជាទុក្ខដ៏ធំ តែគ្មានបុគ្គលណាដែលមានអំណាចបំផុតមកបង្កើតឲ្យនោះទេ គឺមកពីខ្លូនអ្នកទេដែលមានឥទ្ធិពលបំផុតដែលញុាំងឲ្យអ្នកគិតរឿងរ៉ាវស្មុគស្មាញមិនចេះចប់"។
គិតៗទៅខ្ញុំហាក់បីដូចជាសង្វេគចិត្តបំផុតនៅពេលដែលឮថា"ខ្ញុំចង់បានក្ដីសុខ និងសុភមង្គលក្នុងជីវិត" ប៉ុន្តែអ្វីដែលជារឿងជាក់ស្ដែងអ្នកទេតើជាអ្នកកំពុងតែបង្កើតភាពស្មុគស្មាញដាក់ខ្លូនអ្នក។
ណ្ហើយចុះ, ដូចជាដល់ម៉ោងទៅរៀងអង់គ្លេសហើយ! ចាំមានពេលខ្ញុំនឹងសរសេរឲ្យអ្នកអានបន្តទៀត៕
--------------------------------