#សិល្បៈនៃការនិយាយ
===============
សិល្បៈនៃការនិយាយ ឬហៅថា កថាវត្ថុ, ការនិយាយនេះមាន ១០ យ៉ាងនៅក្នុងព្រះពុទ្ធសាសនាគឺ៖
១.អប្បិច្ឆកថាៈ និយាយអំពីសេចក្តីប្រាថ្នាតិច។ កុំធ្វើជាមនុស្សដែលនិយាយបង្កើនតែតណ្ហា ឬចំណងចង់បានមិនចេះឈប់។ ការរស់នៅដែលមានក្ដីសុខ ព្រះពុទ្ធឲ្យមនុស្សទាំងឡាយលះការចង់បានខ្លាំង តែធ្វើជាមនុស្សដែលស្គាល់ប្រមាណនៃការចង់បាន។
២. សន្តុដ្ឋិកថាៈនិយាយអំពីសេចក្តីសន្តោស។ ជាការនិយាយឲ្យអ្នកស្ដាប់ចេះធ្វើចិត្ត ស្គាល់តម្រូវការដែលខ្លួនមាន កុំជាអ្នកដេកជាទុក្ខព្រោះការចង់បានទ្រព្យសម្បត្តិមិនចេះឈប់ ឬចង់បានមិនចេះស្កប់ស្កល់ទាល់តែសោះ។
៣.បវិវេកកថាៈនិយាយអំពីសេចក្តីស្ងប់ស្ងាត់។ អ្នកដែលពូកែនិយាយ គឺអ្នកដែលនិយាយហើយមិនធ្វើឲ្យមនុស្សច្របូកច្របល ស្មុគស្មាញ តែជាការនិយាយឲ្យអ្នកស្ដាប់មានចិត្តស្ងប់ បំបាត់ការចងពៀរ បំបាត់ការលោភលន់ បំបាត់ការព្យាបាទ និងការខឹងក្រោធដាក់អ្នកដទៃ។
៤. អសំសគ្គកថាៈនិយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ។ និយាយឲ្យអ្នកស្ដាប់ កុំជាមនុស្សប្រកាន់បក្យពួកនិយម តែនិយាយឲ្យអ្នកដទៃគិតផលប្រយោជន៍រួមជាធំ។ ការនិយាយដែលល្អ គឺជាការនិយាយដែលផ្ដោតទៅលើ"និយាយកុំឲ្យអ្នកស្ដាប់ក្លាយជាមនុស្សមានគំនិតអាត្មានិយម"។
៥. វីរិយារម្ភកថាៈនិយាយអំពីប្រារព្ធសេចក្តីព្យាយាម។ និយាយឲ្យអ្នកស្ដាប់បណ្ដុះការគិត និងបណ្ដុះការព្យាយាម កុំជាមនុស្សខ្ចិលច្រអូស មិនមានសេចក្ដីប្រមាថក្នុងជីវិត។
៦.សីលកថាៈនិយាយអំពីសីល។មានសេចក្ដីថា និយាយឲ្យអ្នកស្ដាប់ចេះអប់រំកាយ អប់រំវាចា អប់រំចិត្ត។កុំជាមនុស្សមានការបៀតបៀនអ្នកដទៃ កុំបៀតបៀនទ្រព្យគេ កុំជាមនុស្សវង្វេងក្នុងកាមតណ្ដា កុំនិយាយពាក្យកុហកបោកប្រាសអ្នកដទៃ និងកុំឲ្យមនុស្សមានការប្រើប្រាស់គ្រឿងស្រវឹង។
៧. សមាធិកថាៈនិយាយអំពីសមាធិ។ និយាយឲ្យមនុស្សចេះចម្រើនសេចក្ដីល្អ អប់រំចិត្តក្នុងគុណធម៌ បណ្ដុះក្ដីស្រឡាញ់ទៅកាន់អ្នកដទៃ ជាចុងក្រោយចម្រើនចិត្តរបស់អ្នកដើម្បីលះសេចក្ដីទុក្ខ។
៨. បញ្ញាកថាៈនិយាយអំពីបញ្ញា។បណ្ដុះមនុស្សឲ្យចេះគិតបានសុីជម្រៅ, ជាមនុស្សដែលស្គាល់ហេតុ និងផលច្បាស់លាស់ និងចេះដោះស្រាយបញ្ហា។
៩. វិមុត្តិកថាៈនិយាយអំពីវិមុត្តិ។ជាការនិយាយធ្វើចិត្តឲ្យររួច ឬផុតស្រឡះចាក់ទង្វើអាក្រក់(អកុសល) ដោយបណ្ដុះការបដិបត្តិដើម្បីឆ្ពោះទៅរកការរំលត់នូវសេចក្ដីទុក្ខដែលតែងតែចាកស្រេះក្នុងសន្តានចិត្តរបស់អ្នកស្ដាប់ជាយូរមកហើយ។
១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ។ ពង្រឹងការយល់ឃើញពីសេចក្ដីនៃការរលត់ចាកនូវទុក្ខ។ ដោយយើងគិតទៅលើចំណុចបីនៅក្នុងព្រះពុទ្ធសាសនា៖ ទី១គិតពីសេចក្ដីទុក្ខដែលកើតឡើងពិតៗ ទី២គិតពីហេតុដែលនាំឲ្យអ្នកកើតទុក្ខពិតៗ ទី៣គិតពីការរំលត់នៃសេចក្ដីទុក្ខ និងទី៤ចុងក្រោយ អ្នកគិតទៅលើផ្លូវដែលនាំអ្នកទៅរកការដោះស្រាយសេចក្ដីទុក្ខទាំងនោះ។
អ្នកនឹងក្លាយជាអ្នកដែលពូកែនិយាយក្នុងចំណោមមនុស្សជាច្រើន នៅពេលដែលអ្នកបានយកចំណុចទាំង១០មកអនុវត្តពិតប្រាកដ។ ក្នុងចំណុចទាំង១០នេះព្រះពុទ្ធ និងសិស្សជាច្រើនបានអនុវត្តរួចមកហើយ ហើយក៏អស់រយៈពេលច្រើនឆ្នាំណាស់មកហើយដែរ៕
បិដក៖ អង្គុត្តរនិកាយ ទសកនិបាត ភាគ ៥០ ទំព័រ ២៨២
--------------------------------